មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​របស់​RUPP ដំណើរការ​ជា​ផ្លូវការ
  • ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦ ​​ ម៉ោង ៨:៥៩ នាទី យប់
មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​របស់​RUPP ដំណើរការ​ជា​ផ្លូវការ

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​១៣ ខែមេសា បាន​សម្ពោធ​ជា​ផ្លូវការ​នូវ « មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ » របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ មជ្ឈមណ្ឌល​នេះ នឹង​ស្រាវជ្រាវ ពី​ដំណើរការ​នៃ​គំនិត​ផ្តួចផ្តើម​«​ផ្លូវ​សូត្រ​សមុទ្រ​របស់​ចិន​សតវត្សរ៍​ទី​២១»​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​កម្ពុជា និង​ដៃគូ​ផ្សេងទៀត​ដើម្បី​ផ្តល់​ជា​អនុសាសន៍​សម្រាប់​ការបង្កើត​នយោបាយ​ឲ្យ​ត្រូវ​នឹង​ទិសដៅ និង​ទទួលបាន​ផលប្រយោជន៍​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​នេះ​។​
TTN-Free-Banner-In-Article-PC


​លោក នាក់ ចិន្តា​រិ​ទ្ធិ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​(CMSRRC) បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ថា មជ្ឈមណ្ឌល​កម្ពុជា​ស្រាវជ្រាវ​វិថី​សូត្រ​សមុទ្រ ត្រូវបាន​បង្កើត​ក្រោម​ការផ្តួចផ្តើម​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ការបង្កើត​នេះ មាន​គោលបំណង​គាំទ្រ​នូវ​ទំនាក់ទំនង និង​សម្រួល​ឲ្យ​បាន​ដល់​ការយល់ដឹង​អំពី​«​វិថី​សូត្រ​សមុទ្រ​»​។ 

​លោក នាក់ ចាន់​ដា​រិ​ទ្ធ ដែលជា​ប្រធានស្តីទី​នៃ​ដេ​ប៉ា​តឺ​ម៉​ង​សិក្សា​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ភាសាបរទេស សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផងដែរ​នោះ បាន​លើកឡើងថា ការបង្កើត​មជ្ឈមណ្ឌល​នេះ ក៏​ជាការ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​តាមរយៈ​ការស្រាវជ្រាវ​បន្ថែម​ដើម្បី​ផ្តល់​អនុសាសន៍​សម្រាប់​ការបង្កើត​គោលនយោបាយ​។

​តាម​ការបញ្ជាក់​របស់​លោក នាក់ ចាន់​ដា​រិ​ទ្ធ ប្រតិបត្តិការ​របស់​ម​ជ្ឈ​មណ្ឌល​សូត្រ​សមុទ្រ​មាន​គោលដៅ​ធំ​បី​រួមមាន ការសិក្សា​ស្រាវជ្រាវ បណ្តុះបណ្តាល​និស្សិត និង​មន្ត្រីរាជការ និង​រៀបចំ​វេទិកា​សិក្ខាសាលា សន្និសីទ​ដើម្បី​ចែករំលែក​ចំណេះដឹង និង​ផ្តល់​អនុសាសន៍​ដល់​អ្នក​បង្កើត​នយោបាយ​ទាក់ទង ជាមួយនឹង​វិថី​សូត្រ​សមុទ្រ​ដែលជា​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​ចិន​ដែល​កម្ពុជា​បាន​ចួ​ល​រួមចំណែក​ផងដែរ​នោះ​។

​សម្រាប់ ការ​ការបណ្តុះបណ្តាល​និស្សិត លោក បាន​បញ្ជាក់ថា ក្នុង​ជំហាន​ដំបូង នឹង​ផ្តោត​តែ​លើ​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​សិន ហើយ សម្រាប់​មន្ត្រីរាជការ ផ្តោត​តែ​លើ​មន្ត្រី​ដែល​បម្រើ​ការទាក់ទង​នឹង​គម្រោង​នេះ​។ លោក សង្កត់ធ្ងន់ ថា ការបណ្តុះបណ្តាល​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​មន្ត្រី​ក្លាយជា​«​មន្ត្រី​ជំនាញ​ទំនាក់ទំនង​ត​ភ្ជាប់​ក្នុង​គំនិត​ផ្តួចផ្តើម​វិថី​ផ្លូវ​សូត្រ​។

​តាម​ការអះអាង​របស់​លោក នាក់ ចិន្តា​រិ​ទ្ធិ បន្ថែម​ពី​ការស្រាវជ្រាវ​ដែល​បានកំណត់​កំណត់​ក្នុង​គោល​ការ ណ៍ បច្ចុប្បន្ន CMSRRC ក៏​កំពុងតែ​សហការ​ជាមួយនឹង Hong Kong  Institute of Asia-Pacific Studies ក្នុង​ការសិក្សា​ស្រាវជ្រាវ​ក្នុង​គម្រោង​នៃ​ការអភិវឌ្ឍ និង​កត្តា​ប្រឈម​នៃ​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​នៅក្នុង​តំបន់​អាស៊ាន​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ ក៏​នឹង​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល ពី​គោលនយោបាយ​សេដ្ឋកិច្ច ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ​ដែល​ផ្តួចផ្តើម​គំនិត​បង្កើតឡើង​ដោយ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ផងដែរ​។ គំនិត​ផ្តួចផ្តើម​របស់លោក​ស៊ី ជិន​ពីង​ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៣ មាន​គោលដៅ​លើកកម្ពស់ សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម  និង​បង្កើន​ការផ្សាភ្ជាប់ រវាង​រដ្ឋ​ពាក់ព័ន្ធ​សរុប​៦៥ និង​មហា​យក្ស​ចិន ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សមាហរណកម្ម​តំបន់​ពី​អឺរ៉ុប​ទៅ​អាស៊ី និង​បន្តទៅ​អាហ្វ្រិក​ទៀត​៕




អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព អ៊ីវិសាល