ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​វិស្វករ​ផ្នែក​គូរ​ប្លង់​ជនជាតិ​កូរ៉េ​ម្នាក់ ​ជាមួយ​ថ្នាំញៀន​២​កញ្ចប់

ភ្នំពេញ​ ៖ ​វិស្វករ​ផ្នែក​គូរ​ប្លង់​ជនជាតិ​កូរ៉េ​ម្នាក់ ​ត្រូវបាន​កម្លាំង​នគរបាល ​នៃ​អធិការដ្ឋាន​ខណ្ឌ​ដូន​ពេញ ​ធ្វើការ​ឃាត់ខ្លួន ​ដោយ​បុរស​ជនជាតិ​កូរ៉េ​រូបនោះ​បាន​លាក់ទុក​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់​នៅ​ជាប់​ខ្លួន​របស់គាត់។

ការឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​កូរ៉េ​រូបនោះ ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃទី​២៤ ​ខែ​កក្កដា ​ឆ្នាំ​២០១៩​ ចំណុច​ផ្សារ​សូ​រិ​យ៉ា​ម៉​ល ផ្លូវ​៥១ ភូមិ​១១ សង្កាត់​ផ្សារ​ផ្សារ​ថ្មី​៣​ ខណ្ឌ​ដូនពេញ​។​

សមត្ថកិច្ច​ផ្នែក​ជំនាញ​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ ឈ្មោះ YUICHI HATAMURA (​យូ​អី​ឈី ហា​ថា​ម៉ូ​រ៉ា​) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​កូរ៉េមុខរបរ​វិស្វករ​គូរ​ប្លង់ ស្នាក់​នៅផ្ទះ​លេខ​២៦៤ ផ្លូវ​៥១ សង្កាត់​បឹង​កេងកង ខណ្ឌ​ចំការមន។ រីឯ​វត្ថុតាង​ចាប់យក​រួមមាន​១/​ក្រាម​ពណ៌​សរ​ថ្លា​ សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០២​កញ្ចប់

​២/​ប្រាក់​ដុល្លារ​ចំនួន​៦០ដុល្លារ ប្រាក់រៀល​ចំនួន​៣០០០(​បី​ពាន់​រៀល​)​។​

សមត្ថកិច្ច​ផ្នែក​ជំនាញ​បាន​ឲ្យ​ដឹង​ទៀតថា ​មុនពេល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ​ គឺ​កម្លាំង​ជំនាញ​បាន​ដាក់​កម្លាំង​សម្ងាត់​នៅ​បរិវេណ​ផ្សារ​សូរិយា​ម៉​ល​ ខណៈនោះ​ ក៏បាន​ប្រទះឃើញ​នូវ​បុរស​ជនជាតិ​កូរ៉េ​រូប​នោះ​ ដែល​មាន​កា​រ​សង្ស័យ ក៏​នៅ​ធ្វើការ​ឆែកឆេរ​ទៅ​ឃើញ​មាន​លាក់ទុក​នៅ​សារ​ធាតុ​ញៀន​ចំនួន​២​កញ្ចប់​នៅជាប់​ខ្លួន​របស់គាត់​នោះ​ ក៏បាន​នាំខ្លួន​មក​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ​ដើម្បី​សួរនាំ​តែម្តង។

ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ និង ក្រុម​ដទៃ​ផ្សេង​ទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​​ ​និង​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ បន្ត​ជំរុញ​ការ​ស្រាវ​ជ្រាវ​ដើម្បី​បើក​ការ​បង្ក្រាប​ជាប់​ជាប្រចាំ​៕

ដោយ ៖ ​រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114